ការ៉ុតត្រូវបានគេស្គាល់ថាជាអាហារដែលល្អចំពោះសុខភាព ជាពិសេសសម្រាប់សុខភាពភ្នែក ស្បែក ធ្មេញ និងប្រព័ន្ធរំលាយអាហារ។ ដោយសារតែលក្ខណសម្បត្តិល្អចំពោះសុខភាពរបស់វា បន្លែនេះត្រូវគេប្រើសម្រាប់ការព្យាបាលជាច្រើន ។
ការទទួលទានទឹកការ៉ុតល្អសម្រាប់អ្នក ៖
១-សម្បូរទៅដោយវីតាមីន C
ទឹកការ៉ុតសម្បូរទៅដោយវីតាមីនC ការពិសាទឹកការ៉ុតសុទ្ធ៨អោនអាចផ្តល់វីតាមីន C៣៥% នៃបរិមាណដែលគ្រូពេទ្យណែនាំប្រចាំថ្ងៃ ដែលវាមានប្រយោជន៍នៅក្នុងដំណើរការជាច្រើនក្នុងរាងកាយ ។ វារួមមានទាំងការផលិតស្រទាប់កូឡាជែននៅក្នុងស្បែក ធ្មេញ ឆ្អឹង និងភ្នាសសើម ។ វីតាមីន C មានសារសំខាន់ខ្លាំងណាស់ក្នុងការកម្ចាត់ចោលកាកសំណល់ ព្រោះវាជាសារជាតិប្រឆាំងអុកស៊ីតកម្មមួយផងដែរ ។
២-សម្បូរទៅដោយវីតាមីន A
ការ៉ុតត្រូវគេស្គាល់យ៉ាងទូលំទូលាយថា បន្លែនេះគឺសំបូរទៅដោយវីតាមីនA ។ ការពិសាទឹកការ៉ុតសុទ្ធ៨អោនអាចផ្តល់បរិមាណវីតាមីន A ៨០០% នៃបរិមាណដែលគ្រូពេទ្យបានណែនាំ ។ អ្នកប្រហែលជាបានដឹងរួចទៅហើយថាវីតាមីន A គឺល្អសម្រាប់ភ្នែក ដូច្នេះការទទួលទានទឹកការ៉ុតទៀងទាត់អាចជួយថែរក្សាសុខភាពភ្នែករបស់អ្នកបានយ៉ាងល្អ ។ លើសពីនេះទៀត វីតាមីន A ចាំបាច់សម្រាប់ការអភិវឌ្ឍជាលិកា ជាពិសេសជាលិកាដែលនៅក្នុងឆ្អឹងរបស់អ្នក ។
៣-បរិមាណកាឡូរីទាប
ប្រសិនបើអ្នកកំពុងបារម្ភពីទម្ងន់របស់អ្នក វាមិនមែនជាអ្វីដែលគួរឲ្យបារម្ភនោះទេនៅពេលដែលអ្នកទទួលទានទឹកការ៉ុត ។ ការទទួលទានទឹកការ៉ុត៨អោនផ្តល់នូវកាឡូរីទាបជាង៨0 កាឡូរី ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។
៤-សម្បូរសារធាតុប៉ូតាស្យូម
ទឹកការ៉ុតមានសារជាតិប៉ូតាស្យូមដែលជាសារធាតុរ៉ែសំខាន់ក្នុងការរក្សាតុល្យភាពនៃសារធាតុអេឡិចត្រូលីត និងសារធាតុរាវនៅក្នុងកោសិការបស់រាងកាយ ។ ប៉ូតាស្យូមក៏ចាំបាច់សម្រាប់ចលនាសាច់ដុំផងដែរ ។ ការទទួលទានសារធាតុប៉ូតាស្យូមបានគ្រប់គ្រាន់នឹងជួយធ្វើឱ្យរាងកាយរបស់អ្នកចៀសផុតពីការខ្វះប៉ូតាស្យូមក្នុងឈាម ការកន្ត្រាក់សាច់ដុំ មុន ស្បែកស្ងួត ៕