ទឹកប្រទាលកន្ទុយក្រពើជាភេសជ្ជៈម្យ៉ាងអាចរកទទួលទានបានយ៉ាងងាយ និងផ្តល់ប្រយោជន៍ដល់សុខភាព លើសពីនេះវាអាចជួយសម្រកទម្ងន់បាន ។ បច្ចុប្បន្នលោកអ្នកបានឃើញប្រទាលកន្ទុយក្រពើក្នុងរូបភាពជាអាហារ ឱសថ គ្រឿងសំអាង ឬភេសជ្ជៈជាដើម និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព
អត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពរបស់ប្រទាលកន្ទុយក្រពើ៖
១-ជាឱសថសម្រួលការបន្ទោបង់
ចំពោះអ្នកដែលមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងការដំណើរការរបស់ពោះវៀន ទឹកប្រទាលកន្ទុយក្រពើ មានគុណប្រយោជន៍ជាឱសថជួយសម្រួលអាការខុសប្រក្រតីដែលកើតពីប្រព័ន្ធរំលាយអាហារទាំងនេះ អាចជួយរំលាយអាហារ និងសម្រួលដល់ការបន្ទោបង់បានល្អ ។
២-បំបាត់អាការហើមពោះ
តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអីុរ៉ង់ឃើញថា ទឹកប្រទាលកន្ទុយក្រពើមានចំណែកជួយបន្ថយអាការហើមពោះលើក្រុមអ្នកជំងឺពោះវៀន ។ នៅពេលប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺបានល្អ អាការហើមពោះក៏ចាប់ផ្តើមថមថយតាមលំដាប់ ។
៣-បន្ថយអាស៊ីដច្រាលឡើងលើ
ទឹកប្រទាលកន្ទុយក្រពើជួយបន្ថយអាការក្តៅក្រហល់ក្រហាយក្នុងទ្រូង ព្រោះតែអាស៊ីដ ហើយប្រទាលប្រភេទនេះជួយកាត់បន្ថយអាស៊ីដលើសនៅក្នុងក្រពះ ។ ដូច្នេះចំពោះអ្នកកើតអាការប្រភេទនេះអាចសាកល្បងពិសាភេសជ្ជៈប្រទាលកន្ទុយក្រពើដើម្បីកាត់បន្ថយជំនួសការប្រើឱសថ ។
៤-លាងជាតិពុលក្នុងរាងកាយ
គុណប្រយោជន៍ដ៏សំខាន់របស់ប្រទាលកន្ទុយក្រពើ គឺលាងជាតិពុល ។ ជាតិអន្ធិលរបស់ប្រទាលជាអាវុធដ៏សំខាន់ ជួយនាំយកសារធាតុអាហារដែលសេសសល់ក្នុងខ្លួន ឬសារធាតុពុលនៅក្នុងពោះវៀនចេញពីរាងកាយ ។
៥-ជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម
តាមការសិក្សាស្រាវជ្រាវឃើញថា ទឹកប្រទាលកន្ទុយក្រពើជួយកាត់បន្ថយកម្រិតគ្លុយកូសរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានបរិមាណជាតិស្ករក្នុងឈាមលើសពី២០០មីល្លីក្រាមក្នុងដេស៊ីលីត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ក្រៅពីនេះប្រទាលកន្ទុយក្រពើក៏មានសារធាតុរ៉ែល្អដល់ឈាមជាច្រើនប្រភេទរួមមាន ក្រូមីញ៉ូម ម៉ាញេស្យូម ស័ង្កសី និងម៉ង់កាណេស ។
៦-កាត់បន្ថយហានិភ័យរលាកអញ្ចាញធ្មេញ
គុណសម្បត្តិរបស់វាជួយប្រឆាំងការរលាកក្នុងរាងកាយជួយកាត់បន្ថយបាក់តេរីនៅក្នុងមាត់មានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងទឹកថ្នាំខ្ពុរមាត់ និងកាត់បន្ថយអាការរលាកអញ្ចាញធ្មេញ ។
៧-បន្ថយការរលាក ផ្សេងៗក្នុងរាងកាយ
ក្រៅពីសារធាតុរ៉ែ និងវីតាមីនប្រទាលកន្ទុយក្រពើក៏នៅមាន«Polysaccharide»ជាសារធាតុជួយបង្កើនការធ្វើ
ការរបស់ប្រព័ន្ធការពារមេរោគក្នុងរាងកាយ ហើយសារធាតុនេះនឹងចូលទៅរារាំងការរលាកកន្លែង ផ្សេងៗក្នុងរាងកាយ។
៨-ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងបេះដូង
ប្រសិនបើមានបរិមាណកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់ ពិសាទឹកប្រទាលកន្ទុយក្រពើបន្តគ្នារយៈពេល១២សប្តាហ៍ បរិមាណជាតិខ្លាញ់ក្នុងឈាមធ្លាក់ចុះ១៥% ។
៩-ជួយជំរុញដល់ដំណើរការនៃសាច់ដុំ
ប្រទាលកន្ទុយក្រពើជាប្រភេទឱសថបុរាណមួយផ្តល់ប្រូតេអុីនច្រើន ជួយទ្រទ្រង់ដល់សាច់ដុំចំពោះអ្នកហាត់ប្រាណ ។ ប្រូតេអីុនក្នុងប្រទាលកន្ទុយក្រពើនឹងជួយជំរុញដល់ភាពរំញោចក្នុងរាងកាយ និងជួយបង្កើនប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយកាន់តែច្រើន ផ្តល់លទ្ធផលល្អដល់ការសម្រកទម្ងន់ ។
១០-ជួយសម្រកទម្ងន់
គុណប្រយោជន៍នៃការជួយបន្ថយជាតិខ្លាញ់ក្នុងឈាមនឹងជួយបន្ថយបរិមាណជាតិស្ករក្នុងឈាម និងលាងជាតិពុលសម្រួលដល់ការបន្ទោបង់ និងសម្រកទម្ងន់បាន ៕