ផ្លែឪឡឹកមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភច្រើន ប៉ុន្តែតើអ្នកដឹងទេថាទឹកស្ងោរពីគ្រាប់ឪឡឹកក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដែរ ។ គ្រាប់ឪឡឹកមានសារធាតុចិញ្ចឹមជាច្រើនដូចជាអាស៊ីតខ្លាញ់ ប្រូតេអីុន សំខាន់ៗ សារធាតុរ៉ែ និងវីតាមីនBច្រើនប្រភេទ ។
សូមអានបន្តដើម្បីដឹងថា ទឹកស្ងោរគ្រាប់ឪឡឹកផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះសុខភាព ៖
១-ការពារបេះដូង
គ្រាប់ឪឡឹកគឺជាប្រភពដ៏អស្ចារ្យនៃសារជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់ការធ្វើចលនាធម្មតារបស់បេះដូង ។ វាក៏ជួយរក្សាកម្រិតធម្មតានៃសម្ពាធឈាម និងបង្កើនដំណើរនៃការរំលាយអាហារផងដែរ ។ នេះគឺជាគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិសុខភាព សំខាន់ៗរបស់ទឹកស្ងោរចេញពីគ្រាប់ឪឡឹក ។
២-បន្ថយដំណើរការវិវឌ្ឍទៅរកភាពចាស់
គ្រាប់ឪឡឹកផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយល្បឿននៃដំណើរការវិវឌ្ឍទៅរកភាពចាស់ ហើយស្បែករបស់អ្នកនឹងមើលទៅក្មេងជាងវ័យ ។ នេះជាអត្ថប្រយោជន៍មួយក្នុងចំណោមគុណសម្បត្តិ សំខាន់ៗនៃគ្រាប់ឪឡឹក ។
៣-បំបាត់មុន
អ្នកអាចសម្អាតមុខរបស់អ្នកជាមួយនឹងប្រេងគ្រាប់ឪឡឹក ហើយវានឹងជួយកម្ចាត់បញ្ហាមុន ភាពកខ្វក់ និងកោសិកាស្បែកដែលងាប់ ។ ប្រេងនេះគឺសមរម្យសម្រាប់គ្រប់ប្រភេទស្បែក ។
៤-ជួយធ្វើឱ្យសក់រឹងមាំ
គ្រាប់ឪឡឹកមានជាតិប្រូតេអុីន និងអាស៊ីតអាមីណូក្នុងបរិមាណខ្ពស់ដែលជួយពង្រឹងសុខភាពសក់ ។ គ្រាប់ឪឡឹកលីងជួយធ្វើឱ្យសក់ភ្លឺរលោង ព្រោះវាមានផ្ទុកសារជាតិស្ពាន់ដែលជួយផលិតជាតិមេឡានីន ដែលជាជាតិពណ៌ម្យ៉ាងផ្តល់ពណ៌ដល់សក់ ។
៥-ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្រាប់ឪឡឹកផ្តល់នូវជាតិម៉ាញ៉េស្យូមដល់រាងកាយ ។ វាមានវីតាមីនB៥ដែលជួយបំប្លែងសារជាតិកាបូអីុដ្រាតឱ្យទៅជាថាមពល និងពង្រឹងប្រព័ន្ធភាពស៊ាំ ។ នេះជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃទឹកស្ងោរគ្រាប់ឪឡឹក ៕