ផ្លែប៊័រអាចនឹងមានផ្ទុកសារធាតុប្រេង ប៉ុន្តែ នេះមិនមែនមានន័យថា វាផ្តល់ផលមិនល្អ សម្រាប់សុខភាពនោះទេ ។ ជាការពិតណាស់ ផ្លែឈើនេះគឺជាឃ្លាំងស្តុកអាហារូបត្ថម្ភដែលផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពប្រកបដោយសក្តានុពល ។ សាច់ទន់ដូចជាក្រេមនិងពោរពេញដោយរសជាតិ ធ្វើឱ្យវាក្លាយជាគ្រឿងផ្សំក្នុងអាហារផងដែរ ។ ដោយសារតែសមាសធាតុខ្លាញ់ដ៏សម្បូរបែប ប៊័រក៏ត្រូវបានប្រើជំនួសសាច់នៅក្នុង Sandwich ទៀតផង ។
យោងតាមអត្ថបទមួយចុះផ្សាយក្នុងព្រឹត្តិបត្រ Medical News Todayបានវិភាគយ៉ាងល្អិតល្អន់ទៅលើសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែប៊័រ ។ សមាសធាតុទាំងនោះមានដូចជាៈ
+សារធាតុប្រេងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ៖ ប៊័រមួយផ្លែមានផ្ទុកសារធាតុប្រេងប្រហែលជា៣/៤នៃកាឡូរីសរុបរបស់វា ។
+ប្រូតេអុីន៖ ប៊័រមួយផ្លែជាមធ្យមផ្ទុកប្រូតេអុីនប្រហែលជា៤ក្រាម ។ នេះជាបរិមាណដែលច្រើនជាងផ្លែឈើដទៃ ។
+សារធាតុស្ករ ៖ បរិមាណជាតិស្ករក្នុងផ្លែប៊័រ បើធៀបទៅនឹងផ្លែឈើដទៃទៀតគឺទាបខ្លាំងណាស់ ។ ប៊័រមួយចំហៀងមានផ្ទុកជាតិស្ករ ប្រមាណជា ០,២ក្រាម ។
+បណ្តាវីតាមីននិងសារធាតុរ៉ែ ៖ ប៊័រគឺជាប្រភពដ៏សម្បូរបែបនៃរ៉ែប៉ូតាស្យូម ។ លើសពីនេះទៀត វាមានផ្ទុកវីតាមីន K វីតាមីន B9 វីតាមីន B6 វីតាមីន C វីតាមីន B5 និងវីតាមីន E ។
+សារធាតុសរសៃ ៖ ប៊័រមួយផ្លែជាមធ្យម ផ្ទុកសារធាតុសរសៃចំនួន១១ក្រាម ។ នេះជាចំនួនដែលស្មើនឹងពាក់កណ្តាលនៃតម្រូវការកម្រិតអប្បបរមាសារធាតុសរសៃប្រចាំថ្ងៃរបស់រាងកាយមនុស្សម្នាក់ៗ ។
អត្ថប្រយោជន៍សុខភាពរបស់ផ្លែប៊័រ ៖
ក្រៅពីជាប្រភពដ៏សម្បូរបែបនៃសារធាតុសរសៃនិងវីតាមីន ប៊័រផ្តល់អត្ថប្រយោជន៍មួយចំនួនទៀតដល់សុខភាពក្នុងនោះមាន ៖
១- កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូល ៖
ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ទទួលទានផ្លែប៊័រជួយបញ្ចុះកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ។ ការសិក្សាមួយដែលបានចេញផ្សាយក្នុងព្រឹត្តិបត្រ Archives of Medical Researchបានរកឃើញថា ដាក់បញ្ចូលផ្លែប៊័រក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយឱ្យល្អប្រសើរដល់កម្រិតខ្លាញ់លីពីតជាពិសេសចំពោះអ្នកជំងឺលើសខ្លាញ់ ។ ការពិសោធដែលមានរយៈពេលមួយសប្តាហ៍បានបង្ហាញថាកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់និងខ្លាញ់Triglycerideរបស់អ្នកជំងឺលើសខ្លាញ់ដែលទទួលផ្លែប៊័របានថយចុះ ២២ភាគរយ ប៉ុន្តែ កម្រិតខ្លាញ់កូឡេស្តេរ៉ូលល្អវិញបានកើន១១ភាគរយ ។
២- កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺសរសៃឈាមបេះដូង ៖
ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រ Nutrition Journal បានបង្ហាញពីការជាប់ពាក់ព័ន្ធគ្នារវាងការទទួលទានផ្លែប៊័រទៅនឹងជំងឺMetabolic Syndrome (ភាពច្របូកច្របល់នៃការប្រើប្រាស់និងស្តុកទុកថាមពលរបស់រាងកាយ )។ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ការទទួលទានផ្លែប៊័រត្រូវបានផ្សារភ្ជាប់នឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពរួមនៃរបបអាហារ ការប្រើប្រាស់អាហារូបត្ថម្ភនិងធ្វើឱ្យថយចុះហានិភ័យ Metabolic Syndromeផងដែរ។
៣-អាចជួយបង្ការជំងឺមហារីក ៖
វត្តមានដ៏សម្បូរបែបនៃសមាសធាតុphytochemicalsនៅក្នុងផ្លែប៊័រត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា អាចជួយទប់ស្កាត់ការអភិវឌ្ឍរបស់ជំងឺមហារីក ។
សូមបញ្ជាក់ថា ផ្លែប៊័រក៏ផ្តល់ផលរំខានខ្លះៗដែរដល់អ្នកទទួលទានមួយចំនួន បើទោះផលរំខានទាំងនោះជាករណីកម្រក្តី ។ ដូច្នេះ ប្រសិនជាអស់លោកអ្នកជួបអាការៈដូចជា ក្អក តឹងច្រមុះ… សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ៕