ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រមួយបានបញ្ជាក់ថា តែបៃតងអាចជួយបំបាត់ក្លិនដង្ហើមអាក្រក់បាន ។ ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យារបស់ប្រទេសអុីស្រាអែលបានរកឃើញថា សមាសធាតុប្រឆាំងនឹងអុកស៊ីដកម្មរបស់តែឈ្មោះ polyp henolsអាចបំផ្លាញចោលសមាសធាតុមួយចំនួននៅក្នុងមាត់ដែលសមាសធាតុទាំងនោះគឺជាមូលហេតុធ្វើឱ្យមានដង្ហើមមិនល្អ ធ្វើឱ្យពុកធ្មេញនិងមហារីកមាត់ទៀងផង ។
ទោះជាយ៉ាងណា នៅក្នុងព្រឹត្តិប័ត្រសុខភាព Archives of Oral Biology ក្រុមអ្នកវិទ្យាសាស្ត្រអុីស្រាអែលបានអំពាវនាវឱ្យមានការសិក្សាបន្ថែមទៀតលើបញ្ហានេះដោយនិយាយថា៖«ទាំងអស់គ្នាសុទ្ធតែមានការចាប់អារម្មណ៍ខ្លាំងលើអត្ថប្រយោជន៍សុខភាពរបស់តែបៃតង ជាពិសេសសុខភាពមាត់ធ្មេញ»។ ក្រុមអ្នកស្រាវជ្រាវបានបន្តថា ៖«សារធាតុ polyphenolsដែលគេឱ្យឈ្មោះថា epigallocatechin3 gallate(EGCG)បានផ្សំគ្នាបង្កើតបានជាសមាសភាពដ៏ចាប់អារម្មណ៍បំផុតនៅក្នុងស្លឹកតែបៃតង ។ polyphenolsរបស់ស្លឹកតែមានគុណប្រយោជន៍ប្រឆាំងនឹងវីរុសដែលត្រូវបានគេជឿថាជួយបង្ការជំងឺគ្រុនក្តៅ»។
តែបៃតងមិនខុសគ្នាប៉ុន្មានពីតែពណ៌ខ្មៅនោះទេ ប៉ុន្តែដោយឆ្លងកាត់និតិវិធីនៃការកែច្នៃផ្សេងពីគ្នាទើបធ្វើឱ្យវាមានសារធាតុកាហ្វេអុីនតិចបំផុតនិងសម្បូរដោយសមាសធាតុ polyphenols ។
រាប់ពាន់ឆ្នាំមកហើយ តែបៃតងត្រូវបានគេផឹកនៅទូទាំងប្រទេសចិននិងអាស៊ីបូព៌ា ហើយបន្ទាប់មកដោយសារតែអត្ថប្រយោជន៍សុខភាពរបស់វា តែបៃតងក៏ទទួលបានប្រជាប្រិយភាពយ៉ាងរហ័សបំផុតនៅចក្រភពអង់គ្លេស ។ ដោយឡែក ការសិក្សាពីលើកមុនៗបានរកឃើញថា តែបៃតងអាចជួយប្រឆាំងនឹងជំងឺមហារីក ជំងឺបេះដូង ជួយធ្វើឱ្យកម្រិតខ្លាញ់កូឡេស្តេរ៉ូលថយចុះនិងថែមទាំងជួយបំបាត់ជំងឺញ័រកន្ត្រាក់និងភ្លេចភ្លាំងបានទៀតផង ៕