ស្ករជាសារធាតុដែលធ្វើឱ្យមនុស្សជាច្រើនញៀនដោយមិនដឹងខ្លួន ។ ជាមួយនឹងរសជាតិដ៏ជាទីពេញចិត្តបំផុត វាក៏អាចផ្តល់ថាមពលឱ្យមនុស្សផងដែរ ។ ទោះជាយ៉ាងនេះក្តី ការស្រាវជ្រាវជាច្រើនក្នុងពេលបច្ចុប្បន្នបានរកឃើញថា ការប្រើប្រាស់ស្ករច្រើន អាចប៉ះពាល់ដល់សុខភាព ។ ក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យមានការកាត់បន្ថយការទទួលទានប្រចាំថ្ងៃខណៈ វាផ្តល់ផលអាក្រក់៧ចំណុចសំខាន់ៗដូចខាងក្រោម ៖
១- ធ្វើឱ្យស្បែកឆាប់ចាស់ ៖
ទទួលទានស្ករច្រើនពេកធ្វើឱ្យអស់លោកអ្នកមើលទៅឆាប់ចាស់ជាងអាយុ ។ មូលហេតុ ពីព្រោះ ស្ករបានរំខានដល់បណ្តាអ័រម៉ូនក្នុងរាងកាយ ប៉ុន្តែជួយបង្កើនការលូតលាស់រ៉ាឌីកាល់សេរីដែលជាអ្នកជំរុញភាពចាស់ទៅតាមអាយុ ជំងឺនិងជំរុញការបំផ្លាញ DNA ។
២- បង្កើនភាពញៀនក្នុងកម្រិតមួយខ្ពស់ ៖
នេះជាមូលហេតុសំខាន់មួយផ្សេងទៀតដែលគេគួរបោះបង់ឬកាត់បន្ថយការទទួលទានស្ករ ។ តាមភស្តុតាងនៃការពិសោធបង្ហាញថា ស្ករបង្កើនភាពញៀនខ្លាំងជាងកូកាអុីនដល់ទៅ៨ដង ។ នេះមាន័យថា ការទទួលទានកាន់តែច្រើនគឺកាន់តែឃ្លាន ។
៣- ធ្វើឱ្យឡើងទម្ងន់ ៖
ក្រៅពីធ្វើឱ្យពុកធ្មេញ ស្ករមិនផ្តល់អត្ថប្រយោជន៍អ្វីសោះ ប៉ុន្តែវាបែរជាបង្កើនកាឡូរីឥតបានការជាច្រើន ។ ប្រសិនជាអស់លោកអ្នកមិនចង់ឱ្យឡើងទម្ងន់ ចូរទទួលទានត្រឹមស្ករធម្មជាតិបានហើយ ។
៤- ធ្វើឱ្យអារម្មណ៍ប្រែប្រួល ៖
នេះក៏ព្រោះនៅពេលការប្រើច្រើន កម្រិតស្ករក្នុងឈាមឡើងខ្ពស់ ហើយបន្ទាប់មកនៅពេលដ៏ខ្លីណាមួយ វាបានធ្លាក់ចុះយ៉ាងរហ័សក្រោយពីការដុតបំផ្លាញ ។ បែបនេះបានធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហាររបស់រាងកាយ ប៉ះពាល់ដល់អារម្មណ៍បូករួមទាំងសុខភាពជារួមផងដែរ ។
៥- កាន់តែទទួលទាន កាន់តែធ្វើឱ្យឃ្លាន៖
បុគ្គលដែលប្រើប្រាស់ស្ករច្រើនប្រឈមនឹងការស្រេកឃ្លានខ្លាំង ។ នេះពីព្រោះ ស្ករផ្ទុកទៅដោយកាឡូរីដែលរាងកាយពុំត្រូវការ ។
៦- ធ្វើឱ្យអន់ថយកម្លាំងប្រព័ន្ធការពាររាងកាយ ៖
ការទទួលទានស្ករច្រើនលើសលប់បណ្តាលឱ្យកម្លាំងប្រព័ន្ធការពាររាងកាយថយចុះ ហើយបន្ទាប់មករាងកាយងាយទទួលរងការវាយប្រហារពីជំងឺមួយចំនួនក្នុងនោះមានដូចជា ផ្តាសាយឬគ្រុនក្តៅជាដើម ។ ចូរកាត់បន្ថយឬបោះបង់ការទទួលទានស្ករដើម្បីជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ ។
៧- ធ្វើឱ្យខួរក្បាលចុះខ្សោយ ៖
វាជាមូលហេតុសំខាន់មួយដែលគួរកាត់បន្ថយការទទួលស្ករ ។ ពិតណាស់ ទីបំផុតមនុស្សគ្រប់គ្នាតែងជួបបញ្ហានេះ ប៉ុន្តែនោះជាពេលវេលាមួយនៅថ្ងៃខាងមុខ ៕