សាលាដ៍ជាបន្លែស្លឹកដែលមិនរើសរដូវនៃការដាំដុះទេ ហើយជារុក្ខជាតិសម្បូរដោយកាល់ស្យូម ដែក វីតាមីនសេ វីតាមីនអា ជាដើម។មានពូជច្រើនដែលកំពុងដាំក្នុងពេលបច្ចុប្បន្ន ព្រោះសាលាដ៍អាចដាំដុះគ្រប់រដូវ ហើយរហ័សប្រមូលផល។ គិតពីថ្ងៃបណ្ដុះគ្រាប់ពូជទៅដល់ប្រមូលផល ក្នុងរយៈពេល ៤០ ទៅ ៤៥ថ្ងៃ អាចលក់បានតម្លៃទាបបំផុត ១ដុល្លារក្នុង ១គីឡូក្រាមដែរ។
* វិធីបណ្តុះកូន
> មុនយកគ្រាប់ពូជទៅដាំ ត្រូវដាស់ដំណេកវាដោយស្រុះទឹកក្តៅអ៊ុនៗ ហើយចងក្រណាត់ផ្អាប់ទុក ១២ម៉ោង ឲ្យវាដុះពន្លកបន្តិច ទើបយកទៅសាបលើថ្នាលបណ្ដុះកូនក៏បាន។
>> វិធីមួយទៀត អាចយកគ្រាប់ពូជទៅលាងជាមួយស្លឹកស្ដៅ ដើម្បីបណ្ដេញមេរោគលើគ្រាប់ពូជ រួចហើយទើបយកវាទៅសាបភ្លាម ដោយប្រឡាក់ជាមួយម្សៅកូនក្មេង ការពារសត្វកុំឲ្យស៊ីគ្រាប់ពូជ។
* ការរៀបចំថ្នាលបណ្ដុះកូន
ការរៀបដីធ្វើថ្នាលបណ្ដុះសាលាដ៍ ត្រូវលាយជីកំប៉ុសដែលពុកផុយចំនួន ២គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ។ ក្រោយសាបគ្រាប់ពូជរួច ត្រូវយកចំបើងចិញ្ច្រាំឲ្យល្អិតទៅគ្របពីលើ ហើយស្រោចទឹក ១ថ្ងៃ ២ដង។ ១អាទិត្យក្រោយពីសាបគ្រាប់ពូជ ត្រូវស្រោចជីកំប៉ុសទឹកបន្ថែម ដើម្បីបង្កើនការលូតលាស់ឲ្យដើមរបស់កូនសាលាដ៍វារឹងមាំ និងចាក់ឫសជ្រៅ។
* ការរៀបចំរងសម្រាប់ដាំ
រងដាំសាលាដ៍ ត្រូវនៅកន្លែងជិតទឹក ភ្ជួរដីឲ្យបានច្រើនសា និងឲ្យបានជម្រៅ ៣តឹកចុះក្រោម ហាលដីឲ្យស្ងួត ១អាទិត្យ បំបែកដីឲ្យម៉ដ្ឋ ទើបយកជីលាមកគោពុកផុយដាក់ទ្រាប់បាតរង គឺលាយដីដាំសាលាដ៍ឲ្យជី ២ភាគ ដីតែ ១ភាគ លើកក្បាលរង ១ម៉ែត្រ បណ្តោយតាមទំហំដី។ រងគួរលើកនៅរដូវប្រាំងកម្ពស់រង ១,៥តឹក ទៅ ២តឹក។ រដូវវស្សាលើករងដាំសាលាដ៍កម្ពស់ ៣ ទៅ ៤តឹក ការពារទឹកលិច។
* រយៈពេលដែលត្រូវដកកូនសាលាដ៍យកទៅដាំ
កូនសាលាដ៍ដុះបាន ១៨ថ្ងៃទៅ ២០ថ្ងៃ ត្រូវដកយកទៅដាំ។ កូនសាលាដ៍ គឺដកភ្លាមយកទៅដាំភ្លាម ដោយដករើសយកតែដើមថ្លោសសម្រាប់ដាំ។ ពេលវេលាដាំ គឺរសៀលត្រជាក់ ទើបកូនសាលាដ៍ពេលដកពីថ្នាលមិនអន់។
* ការថែទាំ
ចំពោះដំណាំសាលាដ៍ មួយថ្ងៃស្រោចទឹកតែ ២ដង ហើយក្នុង ១អាទិត្យស្រោចជីកំប៉ុសទឹក ២ដងដែរ បង្កើនការលូតលាស់ និងធ្វើឲ្យស្លឹកសាលាដ៍រឹងល្អផង។
* វិធីការពារ
សាលាដ៍ជាបន្លែស្លឹកដែលឆាប់ចាញ់ពន្លឺថ្ងៃ ហេតុនេះនៅពីលើរងដាំសាលាដ៍ គួរយកសំណាញ់ពណ៌បៃតងបាំងការពារ ដើម្បីបន្ថយកម្ដៅថ្ងៃ។ បច្ចុប្បន្នអាកាសធាតុប្រែប្រួល សត្វល្អិតបានកើតឡើងប្លែកៗយាយីដំណាំ។ បើសិនជាកសិករដាំសាលាដ៍ ឬបន្លែដទៃឃើញមានសត្វល្អិតមិនធ្លាប់ស្គាល់ កំពុងយាយីដំណាំ ត្រូវរហ័សរាយការណ៍ទៅមន្ត្រីកសិកម្ម តែហាមប្រាប់ទៅអ្នកលក់ថ្នាំពុល ឲ្យគេផ្សំថ្នាំគីមីដែលមិនត្រូវនឹងជំងឺ ហើយចំណាយលុយទិញថ្នាំគីមីនោះថ្លៃ អាចថ្នាំគ្មានប្រសិទ្ធភាពលើជំងឺ និងសត្វចង្រៃ៕