ក្រុមហ៊ុន Alibaba អាចរកចំណូលពីការលក់បានដល់ទៅ ៥.០០០ លានដុល្លារអាមេរិកក្នុងរយៈពេល ១៥ នាទីដំបូងនៃទិវាអ្នកនៅលីវនាំគ្នាដើរទិញទំនិញ (Single’s Day) ដែលរៀបចំរាល់ថ្ងៃទី ១១ វិច្ឆិកា រៀងរាល់ឆ្នាំក្នុងប្រទេសចិន។
នេះគឺជាឯតទគ្គកម្មថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញរបស់មហាសេដ្ឋី ជែក ម៉ា ខណៈកាលពីឆ្នាំមុនក្រុមហ៊ុនរកបាន ៥.០០០ លានដុល្លារដូចគ្នា តែត្រូវចំណាយពេល ១ ម៉ោងឯណោះ។
រឹតតែអស្ចារ្យគឺថា តួលេខនៃការជួញដូរច្រើនបំផុតក្នុងមួយវិនាទីបានឡើងដល់ ៣២៥.០០០ ដង ធៀបនឹងឆ្នាំទៅមិញ គឺមានត្រឹមតែ ១៧៥.០០០ ដងប៉ុណ្ណោះ។
បើគិតត្រឹមរយៈពេល ២ នាទី និង ១ វិនាទី ដំបូង ក្រុមហ៊ុននេះអាចរកចំណូលបាន ១.០០០ លានដុល្លារ ពីការទិញទំនិញដ៏ច្រើនលើសលប់របស់អតិថិជន។ កាលពីឆ្នាំមុន ពេញមួយថ្ងៃនៃទិវា Single’s Day ក្រុមហ៊ុន Alibaba រកចំណូលបានសរុប ១៧,៨ ពាន់លានដុល្លារ ហើយឆ្នាំនេះចំណូលសរុបត្រូវគេរំពឹងថានឹងកើនឡើងហួសពីឆ្នាំមុនទៅទៀត។