ដូចក្មេងអាយុ ១០ ខែដទៃទៀតដែរ ទារកឈ្មោះ Luis Manuel Gonzales អាចនិយាយ និងឈោងចាប់អ្វីៗនៅជុំវិញខ្លួនវាបាន។ ប៉ុន្តែក្មេងនេះបានបង្កការភ្ញាក់ផ្អើលខ្លាំង និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់វាទៀត ពីព្រោះវាមានទម្ងន់ដល់ទៅ ២៨ គីឡូក្រាម។
កូននេះប្រហែលជាត្រូវការការព្យាបាលដែលចំណាយប្រាក់ដ៏ច្រើន ប៉ុន្តែឪពុករបស់ក្មេងនេះរកប្រាក់ចំណូលតិចជាង ២០០ ដុល្លារក្នុងមួយខែ។ ហើយវេជ្ជបណ្ឌិតមិនទាន់ដឹងនៅឡើយទេថាហេតុអ្វីបានជាកូនង៉ែតឈ្មោះ Luis នេះធំដល់ថ្នាក់នេះ។
ប្រទេសម៉ិកស៊ិកឈានមុខគេក្នុងពិភពលោកខាងទារកធាត់ពីកំណើតនិងជំងឺទឹកនោមផ្អែមតាំងកុមារភាព ហើយ Luis គឺជាឧទាហរណ៍យ៉ាងច្បាស់អំពីបញ្ហានេះ។
នៅពេលកើត ល្វីសមានទម្ងន់ ៣,៥ គីឡូក្រាម ប្រហែលនឹងទម្ងន់បងប្រុសឈ្មោះ Mario ដែរ ដែលមានអាយុជិត ៣ ឆ្នាំ ប៉ុន្តែឥឡូវនេះបងប្រុសនេះស្រាលជាងប្អូនប្រុសទៅទៀត។នៅអាយុ ២ ខែ Luis មានទម្ងន់ ១០ គីឡូក្រាម។ ក្នុងរយៈពេល ៨ ខែទៀត វាមានទម្ងន់ដល់ទៅ ១៨ គីឡូក្រាម។
ម្តាយឈ្មោះ Isabel Pantoja អាយុ ២៤ ឆ្នាំនិយាយនៅក្នុងផ្ទះរបស់គាត់ក្នុងទីក្រុង Tecoman ក្នុងរដ្ឋ Colima ជាប់ឆ្នេរប៉ាស៊ីហ្វិក ថា “ខ្ញុំស្មានថា កូនធាត់ដោយសារតែខ្ញុំមានទឹកដោះល្អ”។