ដោយមិនមានជម្រើសច្រើនក្នុងការកសាងកន្លែងរស់នៅបន្ថែមទៀតនោះ តំបន់ស្វយ័តហុងកុងរបស់ចិនកំពុងងាកទៅរករូងក្រោមដីដើម្បីអភិវឌ្ឍទីក្រុងនាពេលអនាគតវិញម្តង។
មានមនុស្ស ៧ លាននាក់រស់នៅក្នុងទីក្រុងហុងកុងដែលមានទំហំ ១.១០៥ គីឡូម៉ែត្រការ៉េ ហើយទីក្រុងនេះលែងមានកន្លែងទំនេរសម្រាប់សង់ផ្ទះរស់នៅសម្រាប់ប្រជាជនចំណូលថ្មីទៀតហើយ។ អគារខ្ពស់ៗដែលមានស្រាប់បានឈានដល់កម្រិតកម្ពស់ដែលបានកំណត់ទៅហើយ ហើយដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់អាជ្ញាធរគឺត្រូវចុះទៅជីករូងក្រោមដីតែប៉ុណ្ណោះ។
ខណៈគំនិតនៃការសាងសង់ផ្ទះក្រោមដីអាចធ្វើឱ្យមនុស្សមួយចំនួនខ្លាច អ្នកស្រុកនឹងនៅតែបន្តរស់នៅក្រោមមេឃនិងព្រះអាទិត្យដដែលទេ ប៉ុន្តែវាជាអគាររដ្ឋបាលក្រុងទេដែលនឹងត្រូវផ្លាស់ទៅក្នុងរូងក្រោមដី ដែលរួមមានមជ្ឈមណ្ឌលទិន្នន័យ អាងស្តុកទឹក និងកន្លែងផ្ទុកទិន្នន័យផ្សេង។ នេះបើយោងតាមអាជ្ញាធរក្រុង។
យោងតាមវេបសាយ Wired គេក៏មានជម្រើសអាទិភាពផ្សេងទៀតដែរសម្រាប់សំណង់ក្រោមដី មានដូចជា បណ្ណសារ អាងស្តុកប្រេងកាតឧស្ម័នឬអាងស្តុកស្រា កន្លែងចតឡាន មន្ទីរពិសោធន៍ និងកន្លែងហាត់កីឡា។ ក្រៅពីនេះ រូងក្រោមដីអាចសង់សម្រាប់ផ្នូរខ្មោច កន្លែងបូជា និងកន្លែងសម្រាប់ធ្វើពិធីបុណ្យសព។
លោក តូនី ហូ ប្រធានវិស្វករជីវបច្ចេកវិជ្ជាផ្នែកវិស្វកម្មស៊ីវិលនិងផ្នែកអភិវឌ្ឍន៍រដ្ឋបាលក្រុងហុងកុងបាននិយាយថា “អ្វីដែលយើងកំពុងគិត គឺប្រសិនបើយើងអាចប្រើធនធានទំនេរនៅក្រោមដីបានល្អ យើងអាចបង្វែរឧបសគ្គនេះឱ្យទៅជាឱកាសបាន”។
បច្ចុប្បន្ននេះ ទីក្រុងនេះបានកំណត់ទីតាំងរូងក្រោមដី ៤៨ កន្លែង ដែលមានទំហំចាប់ពី ០,២៥ ទៅ ២ គីឡូម៉ែត្រការ៉េសម្រាប់ការអភិវឌ្ឍ។ ទីតាំងទាំងនេះត្រូវបានជ្រើសរើសបន្ទាប់ពីការសិក្សាឆ្នាំ ២០១៧ ហើយការសិក្សាបន្ថែមចំនួន ៦ ទៀតសម្រាប់គម្រោងនាពេលអនាគតកំពុងដំណើរការ៕