សត្វពស់ថ្លាន់ប្រវែងជាង ៤ម៉ែត្រមួយក្បាល ត្រូវបានប្រទះឃើញ នៅខាងក្រោយផ្ទះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីវាបានលេបសត្វត្រកួតដ៏ធំមួយក្បាល មុនពេលក្រុមអ្នកសង្គ្រោះទៅដល់។
ពស់ថ្លាន់មួយក្បាលនេះត្រូវបានប្រទះឃើញ ដោយម្ចាស់ផ្ទះឈ្មោះ Uraiwan Seksuk អាយុ៤៤ឆ្នាំ នៅក្នុងស្រុក Mueang Samut Songkhram ប្រទេសថៃ។
នៅពេលកើតហេតុ អ្នកស្រី Seksuk កំពុងតែហាលខោអាវ ស្រាប់តែប្រទះឃើញសត្វពស់ថ្លាន់ វារនៅក្រោមម៉ូតូខូចមួយគ្រឿង នៅខាងក្រោយផ្ទះ។ ភ្លាមៗនោះ អ្នកស្រីក៏បានទូរសព្ទហៅក្រុមអ្នកសង្គ្រោះ ដើម្បីជួយចាប់សត្វពស់ ដែលមានទម្ងន់ប្រហែល ២០គីឡូក្រាមនោះតែម្តង។
បើតាមខ្សែវីដេអូឃ្លិប បានបង្ហាញឲ្យឃើញ ក្រុមអ្នកសង្គ្រោះយកញញួរដំបេតុង នៅក្រោយផ្ទះអ្នកស្រី Seksuk ដើម្បីអាចចាប់សត្វពស់ ដែលកំពុងលាក់ខ្លួននៅខាងក្រោមនោះ។
បន្ទាប់ពីការស៊ីអាហាររបស់វា ត្រូវបានរំខាន សត្វពស់ថ្លាន់ដ៏ធំមួយក្បាលនោះ បានខឹងយ៉ាងខ្លាំង បង្កឲ្យពិបាកក្នុងការចាប់ ទោះមានឧបករណ៍ក៏ដោយ។
ចុងក្រោយ ក្រុមអ្នកសង្គ្រោះ បានចាប់វាទៅដាក់នៅក្នុងឡាន។ ប៉ុន្តែ មុនពេលប្រលែងវាចូលទៅក្នុងព្រៃវិញ ពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពស់នោះ ខ្ជាក់សត្វត្រកួតដ៏ធំមួយក្បាល ចេញពីពោះវាវិញ៕