ឥន្ទធនូមួយខ្សែនៅក្នុងទីក្រុងតៃប៉ិ បានបង្ហាញខ្លួនដល់ទៅ ៩ ម៉ោងមិនបាត់ស្រមោលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការអះអាងរបស់អ្នកជំនាញឧតុនិយមមួយរូប។
វាត្រូវបានគេចាត់ទុកថាជាឥន្ទធនូដែលមានរយៈពេលវែងជាងគេបំផុតក្នុងពិភពលោក ដែលគេអាចមើលឃើញចាប់តាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៤ល្ងាចក្នុងទីក្រុងធំរបស់កោះតៃវ៉ាន់នេះ។
អ្នកជំនាញ ដែលជាសាស្រ្តាចារ្យមុខវិទ្យាផ្នែកវិទ្យាសាស្រ្តបរិយាកាស បាននិយាយថា កំណត់ត្រាចាស់របស់ពិភពលោកមានរយៈពេល ៦ ម៉ោង ហើយវាគឺបានបង្ហាញខ្លួននៅក្នុងទីក្រុង Sheffield ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៩៤។
គាត់ក៏បានពន្យល់ផងដែរថា ឥន្ទធនូកាលពីសប្តាហ៍មុនដែលបង្ហាញខ្លួនបានយូរយ៉ាងនេះផងដែរ ដោយសារតែឥទ្ធិពលខ្យល់មូសុង កំពុងវាយប្រហារទៅលើតំបន់ភាគខាងជើងកោះតៃវ៉ាន់៕