ស្លឹកគ្រៃ គឺជារុក្ខជាតិម្យ៉ាងដែលប្រជាជនខ្មែរយើងចំណាំដាំចោលនៅតាមផ្ទះ និងតាមចម្ការដំណាំ ព្រោះតែវាជារុក្ខជាតិដែលងាយដាំដុះ និងងាយលូតលាស់បំផុត។ ក្រៅពីធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារនោះ ស្លឹកគ្រៃក៏ត្រូវបានគេប្រើប្រើប្រាស់ដើម្បីបញ្ចុះកម្តៅពេលគ្រុនក្ដៅ ឬសម្រាប់ដាក់ឲ្យមាន់ផឹកផងដែរ។ ខាងក្រោមនេះជាវិធីធ្វើទឹកស្លឹកគ្រៃ ដើម្បីពិសារសម្រាប់សុខភាព។
គ្រឿងផ្សំ
គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)
ទឹកស្អាត ៨ កែវ
វិធីធ្វើ
-យកស្លឹកគ្រៃមកបកសំបកចាស់ៗខាងក្រៅចេញ កាត់ឫសវាចោល និងកាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ ហើយលាងទឹកឲ្យស្អាត
-ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ ប្រវែង ២ថ្នាំងដៃ រួចវាយវាបំបែក ងាយស្រួលពេលយើងយកទៅរម្ងាស់ ឲ្យវាចេញជាតិល្អ
-ដាក់ស្លឹកគ្រៃរម្ងាស់ក្នុងឆ្នាំង ដោយដាក់ទឹកស្អាត ១លីត្រ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរម្ងាស់វារយៈពេល១ម៉ោងកន្លះ (ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ)។
-បន្ទាប់ពីរម្ងាស់រយៈពេល១ម៉ោងកកន្លះ លើកឆ្នាំងរម្ងាស់ចុះពីចង្ក្រាន ហើយបន្ថែមស្ករសចូលបន្តិច ហើយកូររហូតដល់ស្កររលាយ។
-យកស្បៃស្អាត មកត្រង់យកកាកស្លឹកគ្រៃចេញ ដោយទុកតែទឹក
-លោកអ្នកក៏អាចច្របាច់ក្រូចឆ្មាដាក់ ២ រឺ ៣ ចំណិត ដើម្បីបន្ថែមរសជាតិ។
អត្ថប្រយោជន៍របស់ទឹកស្លឹកគ្រៃ
– ជួយអ្នកដែលមានជម្ងឺខ្វះឈាមក្រហម
– ប្រឆាំងនឹងជម្ងឺមហារីក
– ប្រឆាំងនឹងការរលាក និងការឆ្លងរោគផ្សេងៗ
– ការពារបាក់តេរី ការឆ្លងមេរោគផ្សិត
– បណ្តេញជាតិពុលពីក្នុងរាងកាយ
– ជួយដល់អ្នកដែលមានជម្ងឺទឹកនោមផ្អែម
– សម្រួលប្រព័ន្ធរំលាយអាហារ រលាកក្រពះ ចុកចុងដង្ហើម
– សម្រួលដល់អ្នកដែលមានសំពាធឈាមឡើងខ្ពស់
– ជួយឲ្យគេងលក់ស្រួល
– សម្រួលប្រព័ន្ធសរសៃប្រសាទ
ស្លឹកគ្រៃមិនមែនជាឱសថព្យាបាលរោគឲ្យជាសះស្បើយ ១០០%នោះទេ ប៉ុន្តែវាក៏ជាចំណែកមួយនៃឱសថដើម្បីជួយសម្រួលបញ្ហាសុខភាព និងជួយទប់ស្កាត់ជម្ងឺតម្កាត់មួយចំនួនដែលមកយាយីដល់រាងកាយយើងបានមួយផ្នែកដែរ៕
ប្រភពៈ កសិកម្មដំណាំម្រុំ