វិធីសាស្ត្រក្នុងការទុកពូជស្លឹកខ្ទឹម ជាធម្មតាស្លឹកខ្ទឹមអាយុ ១ខែ ៥ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើចង់រក្សាស្លឹកខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាល ១ខែកន្លះ ទៅ ២ខែ ចំពោះរដូវវស្សា ទើបដកទុក។ នៅរដូវប្រាំង ទុករហូតដល់ ២ខែកន្លះ ទៅ ៣ខែ ព្រោះនៅរដូវប្រាំងមើមខ្ទឹមមិនសូវល្អ ទុកយូរបន្តិចទើបមើមធំ ហើយចាស់ល្អ។
បន្ទាប់ពីដកហើយ កាត់ស្លឹកចេញខ្លះ ដើម្បីអោយហាលឆាប់ស្ងួត រួចយកទៅហាលថ្ងៃក្នុងរយ:ពេលពី ១ ទៅ ២ថ្ងៃ បន្ទាប់មកចងសំដិលទុកក្នុងផ្ទះ ឬទុកដាក់សំដិលនៅលើធ្នើររហូតដល់ពេលដាំ។ កសិករយកពូជដែលផលិតបានខ្លួនឯងទុកដាំ ឬទិញអ្នកស្រុកជិតខាង ហើយពូជខ្ទឹមនោះគេចែកចេញជាពីរប្រភេទ:
១.ពូជស្ងួត: ជាពូជដែលទុកក្នុងរយ:ពេលពី ២ ទៅ ៣ខែ បន្ទាប់ពីដក។ ពូជដែលទុកត្រឹមរយ:ពេលពី ២ ទៅ ៣ខែ នេះឆាប់ដុះ (រយ:ពេល ៣ថ្ងៃ ដុះពន្លក)។
២.ពូជសើម: ជាពូជដែលរក្សាទុកក្នុងរយ:ពេល ១ខែកន្លះ ពូជនេះដុះលូតលាស់មិនល្អ ហើយក្រដុះណាស់ គឺរហូតដល់ ១០ថ្ងៃ ទើបដុះ។
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market