១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំយើងត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ម៉ែត្រការ៉េ។ នៅលើថ្នាលយើងត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២បង្គី កប់ចូលក្នុងថ្នាល។ យកគ្រាប់ពូជទិញពីផ្សារចំនួន ១ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល។ ក្រោយពីសាបត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
ត្រូវភ្ជួររាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥តឹក និងចន្លោះជួរ ៥តឹក។ នៅក្នុងរណ្តៅនីមួយៗ ត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ មុននឹងដកស្ទូងត្រូវស្រោចទឹកឲ្យជោគនៅលើថ្នាល ដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស។ ក្នុងមួយរណ្តៅ ដាក់ដាំកូនម្ទេស ១ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ។ ក្រោយពីដាំកូនហើយ កាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ។
៣.ការថែទាំ
ក្រោយពីស្ទូងហើយត្រូវស្រោចទឹក ១ថ្ងៃ ២ដង។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ យើងត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូលទឹកជ្រាបបានល្អ។ ក្នុងការដាំម្ទេសនេះ ត្រូវជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក យើងត្រូវកំចាត់វាដោយរោយផេះនៅតាមគល់។ នៅពេលម្ទេសជិតចេញផ្កា ត្រូវដាក់ជីកំប៉ុស្តកប់ចូលដីនៅក្បែរគល់។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ។
៤.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៤ខែ យើងចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ។ ការបេះផ្លែធ្វើឡើងរយៈពេល ១អាទិត្យម្តង។ ក្នុងការដាំម្ទេសនេះ យើងចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត យើងត្រូវរក្សាទុកពូជដោយខ្លួនឯង។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន៖
-រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយប្រើជីលាមកសត្វពុកផុយ
-ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
-កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥តឹក និងចន្លោះជួរ ៥តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
-ដកកូនម្ទេសដែលមានកំពស់ ១តឹក និងមានដើមរឹងមាំ ឬដើមថ្លោសយកមកដាំ
-ថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
-កំចាត់ស្រមោចរោមត្រួយ ដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
-ដាក់ជីកំប៉ុស្តបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត