ការ៉ុតជាដំណាំបន្លែយកមើមមួយប្រភេទ ដែលកសិករយើងនិយមដាំខ្លះដែរ។ យើងមានបទពិសោធន៍មួយចំនួនស្តីពីការប្រមូលផល និងថែរក្សាទុកការ៉ុតឲ្យបានយូរ យើងនឹងចែកជូនទុកជាគំនិតសំរាប់សាកល្បង។ ជាទូទៅការ៉ុតមានរយៈពេលលូតលាស់ ៣ ទៅ ៣ខែកន្លះ បើយើងដាំនៅរដូវវស្សា បើដាំនៅរដូវប្រាំង អាចមានរយៈពេលដល់ ៤ខែ ទើបប្រមូលផលបាន។
ចំពោះការប្រមូលផលជាលើកដំបូង យើងត្រូវពិនិត្យទៅលើអាយុកាលនៃការដុះលូតលាស់របស់វា បើដល់អាយុហើយ យើងត្រូវពិនិត្យទៅលើលក្ខណៈដងដើមរបស់វាទៀត ដូចជាស្លឹកទី១ ឬទី២ ក្បែរគល់ ប្រែពីពណ៌បៃតងទៅជាពណ៌លឿង បើសង្កេតឃើញលក្ខណៈបែបនេះហើយ គឺយើងអាចប្រមូលផលបាន។
ការប្រមូលផល គឺត្រូវធ្វើឡើងដោយដៃចាប់ដកដើមពីក្នុងថ្នាល រួចហើយប្រមូលដាក់ម្តុំ បន្ទាប់មកកាត់ឫសកែវ ឬឫសជាប់ដើមចេញខ្លះ រួចកាត់ដើមដោយទុកចំងាយពីមើម ២ ទៅ ២តឹកកន្លះ ។ ក្រោយពីប្រមូលផល និងកាត់ដើមឫសចេញហើយ យើងត្រូវរៀបចែកវាជា ៣ផ្នែក គឺផ្នែកទី១ ជ្រើសរើសមើមធំដាក់ម្តុំ និងទី២ មើមធំល្មម និងទី៣ មើមដែលមានខ្នែង។
ប្រសិនបើយើងដកភ្លាមយកទៅលក់ភ្លាម យើងអាចលាងទឹកមើមបាន។ ប៉ុន្តែការលាងទឹកមិនអាចធ្វើឲ្យយើងរក្សាទុកបានយូរទេ គឺបានត្រឹមតែ ៤ ទៅ ៥ថ្ងៃប៉ុណ្ណោះ លើសពីនេះវាអាចខូចគុណភាពដោយធ្វើឲ្យមើមរលួយ។ ដោយឡែកគេអាចរក្សាទុកការ៉ុតបានរយៈពេល ២០ថ្ងៃ ដោយយកដីខ្សាច់ក្រាលនៅបាតកញ្ឆេ (យកកញ្ឆេដែលមានប្រហោងខ្យល់ចេញចូល) កំរាស់ ១តឹក។
បន្ទាប់មកយកការ៉ុតដែលបានប្រមូលផល និងសំអាតរួចទៅតំរៀបដាក់ពីលើដីខ្សាច់កំពស់ ៤តឹក ទើបយកក្រណាត់ដែលជក់ទឹកជ្រលក់ទឹកឲ្យសើមៗ គ្របពីលើ។ បើក្រណាត់ស្ងួតយើងត្រូវបាញ់ទឹកផ្សើមក្រណាត់ឲ្យជាប់ជានិច្ច។ ការធ្វើបែបនេះយើងអាចរក្សាទុកបានរហូតដល់ ២០ថ្ងៃ ដោយមិនខូចគុណភាព។
សរុបមកដើម្បីរក្សាការ៉ុតទុកឲ្យបានយូរថ្ងៃ ដោយមិនខូចគុណភាពត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម៖
-ពេលប្រមូលផលហើយ ត្រូវកាត់សម្អាតមើមតាមរបៀបខាងលើ
-ចង់រក្សាទុកឲ្យបានយូរ មិនត្រូវលាងទឹកសម្អាតមើមទេ ក្រោយពេលប្រមូលផល
-យកស្លឹកចេក ឬរុក្ខជាតិផ្សេងៗទ្រាប់នៅបាតកញ្ឆេ បន្ទាប់មកយកដីខ្សាច់សើមកំរាស់ ១តឹក ក្រាលពីលើ ទើបយកការ៉ុតមកតំរៀបដាក់បញ្ច្រាស់គ្នាកំពស់ ៤តឹក។
-យកក្រណាត់សើមជក់ទឹកគ្របពីលើ
-ពេលក្រណាត់ស្ងួតត្រូវប្រោះទឹកឲ្យសើមជាប់ជានិច្ចរហូតដល់ពេលប្រមូលផល៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត