បច្ចេកទេសក្នុងការដាំដុះដំណាំសណ្តែកកួរ ឬសណ្តែកទ្រើង

230

ខាងក្រោមនេះជាបទពិសោធន៍នៃការដាំដុះដំណាំសណ្តែកកួរនឹងបង្ហាញជូនដូចខាងក្រោម៖

១.ការរៀបចំដី និងការលើករង

គេដាំសណ្តែកនៅលើដី ដែលមានទំហំ ២១ម៉ែត្រការ៉េ។ ​មុនដាំត្រូវភ្ជួរដីហាលរយៈពេល ៧​ ទៅ ១០ថ្ងៃ បន្ទាប់មកត្រូវរាស់យកស្មៅចេញ ហើយលើកជារង ដោយរងនីមួយៗមានទទឹង​ ១ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងចន្លោះពីរងមួយទៅរងមួយមានប្រវែង ៣​តឹក។ នៅលើរងត្រូវយកជីកំប៉ុស្តពុកផុយមកជ្រុំដាក់ក្នុងបរិមាណ​មួយអំរែកក្នុងមួយរង ដោយច្របល់បញ្ចូលគ្នាឲ្យសព្វនៅលើរងនិមួយៗ។ ដាក់ដាំ២ជួរ ​ដែលចន្លោះពីជួរមួយទៅមួយ​​ ៧,៥តឹក។

២.របៀបដាំ

យើងត្រូវយកអង្រែបុកដាំជំរៅពីរថ្នាំងដៃ រួចដាក់ជីកំប៉ុស្តមួយក្តាប់ បន្ទាប់មកយកគ្រាប់សណ្តែក​ទៅដាក់ដាំ​២គ្រាប់​​ ក្នុងមួយរណ្តៅ ទើបលុបដីសើៗពីលើគ្រាប់​ (ចន្លោះពីរណ្តៅមួយទៅមួយ ៣តឹក)។

៣.ការថែទាំ

នៅពេលសណ្តែកដុះបានស្លឹក​២ ត្រូវ​បំបែកកូនទុកតែ ១ដើម ក្នុងមួយរណ្តៅ។ បន្ទាប់ពីដាំហើយ ត្រូវ យកចំបើងមកគ្របពីលើរង ហើយស្រោចទឹកឲ្យជោគ។ ការគ្របរងនេះគឺដើម្បី​រក្សាសំណើម ក៏ដូចការពារកុំឲ្យដីខ្ទាតត្រូវស្លឹកនៅពេលមានភ្លៀង និងអាចការពារដីមិនឲ្យ​ហាប់ទៀតផង។ នៅពេលសណ្តែកអាយុបាន ១៥ ទៅ ​២០​ថ្ងៃ ​ឫសណ្តែកលាស់បានសន្លឹក ៤ ទៅ ៥​សន្លឹក ត្រូវរៀបចំដោតទ្រើង ដែលមានកំពស់ ២,៥ ទៅ ៣ម៉ែត្រ ឲ្យសណ្តែកវារឡើងទ្រើង​។

ក្រោយពីដាំហើយ ត្រូវស្រោចទឹក ១ថ្ងៃ ពីរដង (ពេលអត់ភ្លៀង) ត្រូវស្រោចទឹកទៀងទាត់នៅពេលសណ្តែកកំពុងចេញផ្កា​ និងចេញផ្លែ ព្រោះបើទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសណ្តែកកួរអាចជ្រុះផ្កា និងជ្រុះផ្លែ ពេលសណ្តែកអាយុបានពី ១៥ ទៅ ២០ថ្ងៃ យើងត្រូវប្រើជីកំប៉ុស្តពុកផុយទៅលាយជាមួយទឹកស្រោច​ទៅលើសណ្តែកនៅរាល់ពេល ១សប្តាហ៍ម្តង​ហើយបន្តប្រើរហូតដល់សណ្តែកប្រមូលផល ពិនិត្យមើលជាប្រចាំបើមានសណ្តែកណាបោះទងផុតពីទ្រើង ត្រូវកាត់ចេញ និងត្រូវបេះស្លឹកចាស់ៗចោលខ្លះ។

៤.ការប្រមូលផល

ក្រោយពីដាំសណ្តែកកួរបានអាយុ ៥៥ ​​ទៅ​ ៧៥ថ្ងៃ យើងចាប់ផ្តើមប្រមូលផល។ ការប្រមូលផលលើកទី១ គេអាចប្រមូលបានប្រមាណ ១០​ ទៅ​ ២០គីឡូក្រាម។ ​ការប្រមូលផលលើកទី២ និងទី៣​ធ្វើឡើងរាល់ ២ទៅ ៤ថ្ងៃម្តង។ បន្ទាប់ពីការប្រមូលផលលើកទី២ ត្រូវដាក់ជី និងស្រោចទឹកគ្របគល់​ដើម្បីអោយសណ្តែកផ្លែបន្តរហូតដល់ការប្រមូលផលចប់ (ពីដាំរហូតដល់អស់ផ្លែ គេបេះសណ្តែកបានចំនួន ១៨សា)។ សរុបទិន្នផលទាំង១៨សា បានប្រមាណ​ ៥០គីឡូ​ក្រាម (១៦រង)​។

៥.ការរក្សាទុកពូជ

ដើម្បីឲ្យផ្លែដុះលូតលាស់បានល្អ កួរវែង ថ្លោស​ ពណ៌ល្អ ​(មិនមានសត្វល្អិតទិចសំបក) យើងត្រូវជ្រើសរើសសណ្តែកសំរាប់ទុកធ្វើពូជពេលផ្លែសាទី២​។​ ចំពោះផ្លែដែលរក្សាទុកពូជ គឺមិនរក្សាទុកឲ្យទុំរហូតដល់ស្ងួតនោះទេ គឺនៅពេលផ្លែចាស់ត្រូវបេះយកទៅហាលថ្ងៃឲ្យស្ងួត រួចយកទៅច្រក​ក្នុង​ដបដោយមានដាក់ធ្យូង និងស្លឹកគ្រៃហាលស្ងួតចូលទៅក្នុងកែវ។​ ​ការធ្វើបែប​នេះដើម្បីការពារ​សត្វ​ល្អិត​ និងកាត់បន្ថយសំណើមរបស់គ្រាប់ពូជ។

សរុបមកចំនុចសំខាន់ៗក្នុងការដាំសណ្តែកកួរមាន៖

-ភ្ជួរដីហាលដើម្បីឲ្យដីស្រស់ទឹកល្អ និងសម្លាប់មេរោគនៅក្នុងដីលើករង និងដាំពីរជួរនៅលើរងដោយចន្លោះពីជួរមួយទៅមួយ ៧,៥ តឹក

-ប្រើចំបើង ឬស្លឹកឈើដើម្បីគ្របរងការពារកំដៅថ្ងៃខ្លាំង

-ថែទាំ ស្រោចទឹក ជ្រុំគល់ ដាក់ជី និងដោតទ្រើងឲ្យសណ្តែកវារឡើងនិងបេះស្លឹកចាស់ៗចោលខ្លះ

-ពេលមានការបំផ្លាញពីដង្កូវយើងត្រូវចាប់ដោយដៃបេះចោល

-បន្តថែទាំស្រោចទឹកដាក់ជី និងគ្របគល់ក្រោយពីប្រមូលផលលើកទី១

-ប្រើប្រាស់ជីកំប៉ុស្តពុកផុយល្អ

-ទុកតែ ១ដើមក្នុងមួយគុម្ព៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE