កាលពីនៅកុមារភាព មានក្មេងប្រុសម្នាក់រស់នៅជាមួយម្តាយ ដែលពិការភ្នែកម្ខាង។ ក្មេងប្រុសនេះមានភាពអាម៉ាសជាខ្លំាងដោយរស់នៅជាមួយម្តាយដែលមានភ្នែកម្ខាងរបស់គាត់។ ដើម្បីចិញ្ចឹមក្មេងប្រុសនេះ ស្រ្តីជាម្តាយប្រកបមុខរបរជាចុងភៅ និងអ្នកបោសសំអាតនៅសាលា។ មានពេលមួយស្រ្តីជាម្តាយបាននិយាយសួស្តីចំពោះក្មេងប្រុសនេះនៅចំពោះមុខមនុស្សជាច្រើន ដែលធ្វើឲ្យក្មេងប្រុសនេះមានភាពអាម៉ាសយ៉ាងខ្លាំង។ ដោយភាពអាម៉ាសពេកក្មេងប្រុសនេះបាននិយាយទៅកាន់ម្តាយខ្លួនថា គាត់មិនចង់ឃើញម្តាយគាត់ទៀតទេ។ ក្រោយមកក្មេងប្រុសនេះបានចាកចេញពីផ្ទះ។
ច្រើនឆ្នាំកន្លងផុតទៅ ក្មេងប្រុសនេះក្លាយជាមនុស្សពេញវ័យ និងទទួលបានអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ក្រោយពីរៀនចប់ បុរសនេះបានរៀបការ ទិញផ្ទះព្រមទំាងមានកូនទៀតផង។ បុរសនេះបានសម្រេចចិត្តមកប្រទេសកំណើតខ្លួនវិញ។ ក្រោយពេលលឺដំណឹងនេះ ម្តាយគាត់បានមកលេងគាត់។ ពេលមកដល់ផ្ទះកូនប្រុស នៅក្រៅផ្ទះ កូនៗរបស់គាត់មានភាពភ័យខ្លាចពេលឃើញស្រ្តីចំណាស់ដែលមានម្នាក់តែម្ខាង។ បុរសនេះបាននិយាយទៅកាន់ម្តាយគាត់ថា សូមអ្នកកុំមកបន្លាចកូនៗខ្ញុំទៀត ផ្ទះខ្ញុំមិនស្វាគមន៍អ្នកទេ។ ស្រ្តីចំណាស់បានចាកចេញទៅជាមួយទឹកមុខដ៏ក្រៀមក្រំ។
ប៉ុន្មានខែក្រោយមក ម្តាយពិការភ្នែកម្ខាងរបស់គាត់បានស្លាប់។។ពេលលឺដំណឹងថាម្តាយគាត់ស្លាប់គាត់គ្មានស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់។ ជួនជាពេលនោះមានការជួបជុំសិស្សដែលធ្លាប់បានរៀនជាមួយគ្នា។ ពេលនោះ គាត់បានទទួលសំបុត្រពីម្តាយគាត់ នៅក្នុងសំបុត្រនោះមានសេចក្តីដូចតទៅ….”ម្តាយពិតជាមានសេចក្តីរីករាយណាស់ពេលឃើញកូនមានសេក្តីសុខ។ កូនដឹងទេ ពេលនៅក្មេងកូនធ្លាប់មានគ្រោះថ្នាក់ដែលធ្វើឲ្យកូនបាត់បង់ភ្នែកម្ខាង ដូច្នេះហើយបាយម្តាយសុខចិត្តយកភ្នែកម្តាយជំនួសដើម្បីធ្វើឲ្យកូនមានភ្នែកពីរដូចគេដូចឯង។ កូនមិនអាចរស់នៅដោយភ្នែកម្ខាងបានទេ៕ ”
ការអប់រំ៖ បើទោះបីឪពុកម្តាយអ្នកពិកា ប៉ុន្តែដួងចិត្តរបស់លោកទាំងពីរ ឥតពិកាចំពោះអ្នកឡើយ ក្តីស្រលាញ់ ថ្នមថ្នាក់ចំពោះកូន គឺឥតប្រែប្រួល ឬខុសគ្នាឡើយ តែងស្រលាញ់កូនឥតមានដែនកំណត់ ធ្វើគ្រប់អស់ហើយដើម្បីតែកូនភ្ញា កុំថាឡើយដល់អសារជីវិតខ្លួនដើម្បីកូនក៏ឥតខ្លាចឡើយ។ អ្នកគ្មានអ្វីត្រូវខ្មាសអៀនឡើយ ដែលមានឪពុកម្តាយពិកា សេចក្តីល្អរបស់មនុស្សគឺស្ថិតលើទង្វើ មិនមែនរូបរាងឡើយ។ ត្រូវរៀនស្រឡាញ់អ្នកមានគុណអ្នកឲ្យបានច្រើន ឆាកជីវិតមនុស្សពិតជាខ្លីណាស់ ឪពុកម្តាយលើលោកតែងចង់ឲ្យកូនបានល្អទំាងអស់។
រៀបរៀងដោយ៖ អ៊ាង សុផល្លែត