១- ទម្លាប់ដុសធ្មេញ៖ជួនកាល លទ្ធផលធ្មេញសឹក គឺដោយសារតែប្រើកម្លាំងដុសសម្អាតធ្មេញខ្លាំងពេក និងប្រើសរសៃ ច្រាសរឹង ជាហេតុធ្វើឲ្យសឹកដល់កាចាធ្មេញ (ស្រទាប់ក្រៅបង្អស់នៃធ្មេញ) ដែលជាមូលហេតុនាំឲ្យមានអារម្មណ៍ ឈឺចាប់ (ស្រៀវ) នៅពេលប៉ះអាហារដែលក្ដៅ ឬត្រជាក់។ ហើយសម្រាប់វិធីដោះស្រាយងាយបំផុតនោះគឺផ្លាស់ប្ដូរច្រាសដុសធ្មេញពីមុន មកប្រើច្រាសដុសធ្មេញមានសរសៃទន់វិញ ដោយប្រើតិចនិកក្នុងដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ដើម្បីការពារធ្មេញមានសុខភាពល្អ។
២- ប្រើថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស៖សម្រាប់គ្នាយើងមិនដឹង នៅតែមិនដឹង ព្រោះមិនសូវជាចាប់អារម្មណ៍បញ្ហា ប៉ុន្ដែការពិត ថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស កាន់តែបង្កឲ្យធ្មេញរងការខូចខាត ដោយសាររោងចក្រផលិតជាច្រើន បានបញ្ចូលសារធាតុគីមី ធ្វើឲ្យធ្មេញសក្នុងផលិតផលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន ច្រើនជាងប្រភេទថ្នាំដុសធ្មេញផ្សេងទៀត។ សារធាតុគីមីនៅក្នុងថ្នាំដុសធ្មេញនោះ នឹងធ្វើឲ្យធ្មេញលែងលឿង តែមិនល្អសម្រាប់កាចាធ្មេញយើងឡើយ។ គ្នាយើងម្នាក់ៗ គួរតែអានស្លាកសម្គាល់លើថ្នាំដុសធ្មេញឲ្យបានប្រុងប្រយ័ត្ន មុនសម្រេចចិត្តទិញយកមកប្រើ ដើម្បីសុវត្ថិភាពសុខភាពមាត់ធ្មេញ។៣-ញ៉ាំអាហារសម្បូរជាតិអាស៊ីដ៖អាហារសម្បូរជាតិអាស៊ីដ ដូចជាក្រូចឆ្មារ ផ្លែក្រូច ឬទឹកខ្មេះ សុទ្ធតែមិនមានផលល្អសម្រាប់កាចាធ្មេញនោះទេ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យធ្មេញយើងឈឺចាប់ (ស្រៀវ)។ ឈប់ញ៉ាំអាហារអស់ទាំងនេះ បើយើងមានធ្មេញស្រៀវ និងគួរទៅជួបជាមួយគ្រូពេទ្យធ្មេញសម្រាប់ទទួលបានដំបូន្មានបន្ថែម។
៤- ទម្លាប់ខាំសង្កៀតធ្មេញ៖មានទម្លាប់ខាំសង្កៀតធ្មេញ គួរតែទៅជួបគ្រូពេទ្យធ្មេញដើម្បីរកដំណោះស្រាយ ព្រោះជាទម្លាប់មិនល្អ ធ្វើឲ្យសឹកកាចាធ្មេញ បើទោះវាជាស្រទាប់រឹងមាំជាងគេក្នុងរាងកាយយើងទៀតផង។ដោយសារតែទង្វើនេះ នឹងធ្វើឲ្យធ្មេញយើងនៅសល់តែភ្លុកធ្មេញ ដែលជាស្រទាប់ទន់នៅកណ្ដាលសម្រាប់ការពារសរសៃបណ្ដូលធ្មេញ បណ្ដាលឲ្យឈឺឆាប់ និងស្រៀវធ្មេញតែម្តង។
សម្រួលអត្ថបទដោយ៖ផ្កា ស