ដំឡូងជ្វាពណ៌ស្វាយ អត្ថប្រយោជន៍ច្រើនមិនធម្មតា!

414

១-សម្បូរសារធាតុចិញ្ចឹម៖ដំឡូងជ្វាពណ៌ស្វាយមួយដុំ ឬប្រហែល (១០០ក្រាម) ផ្តល់សារធាតុចិញ្ចឹមដល់រាងកាយដូចជា៖- កាឡូរី ១៤០- កាបូនអ៊ីដ្រាត ២៧ ក្រាម- ប្រូតេអ៊ីន ១ ក្រាម- ហ្វៃបឺរ ៤ក្រាម- សូដ្យូម ០,៨៣%- ប៉ូតាស្យូម ១៣,៥%- កាល់ស្យូម ២% – ជាតិដែក ៤ %- វីតាមីន C ៤០% – វីតាមីន A ៤%-ជាពិសេស ដំឡូងនេះសម្បូរដោយសារធាតុ Anthocyanins ដែលការសិក្សាបានបញ្ជាក់ថា វាជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ក្នុងរាងកាយ បន្ថយហានិភ័យជំងឺហើមរលាក ប្រឆាំងមហារីក និងជំងឺទឹកនោមផ្អែមប្រភេទ២។

២-សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងរោគមហារីក៖ដំឡូងពណ៌ស្វាយ មានសារធាតុជួយកោសិការបស់រាងកាយឲ្យចាកឆ្ងាយពីការខូចខាត ដែលបង្កដោយម៉ូលេគុលម្យ៉ាងហៅថា រ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីនេះ មានជាប់ទាក់ទងនឹងរោគមហារីក និងជំងឺបេះដូង ទឹកនោមផ្អែម ព្រមទាំងជំងឺសរសៃប្រសាទ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងដំឡូងជ្វាពណ៌ស្វាយ នឹងបង្ការពីជំងឺទាំងនេះ។

៣-មិនប៉ះពាល់សារធាតុស្ករក្នុងឈាម៖ដំឡូងនេះមានអត្រា Glycemic (ចំណាត់ថ្នាក់កាបូនអ៊ីដ្រាត ពី ០ ទៅ១០០) ទាប ពោលគឺ ២៤ ដែលមានន័យថាកម្រិតនេះ មានធាតុកាបូនអ៊ីដ្រាតបំបែកជាស្ករយឺត ហើយមិនប៉ះពាល់កម្រិតគ្លុយកូស(ស្ករ)ក្នុងឈាម ហេតុនេះកាបូនអ៊ីដ្រាតពីដំឡូងនេះបម្លែងជាថាមពល ជាជាងជំរុញជាតិស្ករ។

៤- អាចបន្ថយហានិភ័យជំងឺហឺត៖ការស្រាវជ្រាវប្រមាណ ៤០ ករណី បានរកឃើញថា អត្រាជំងឺហឺតកើតលើយុវជនច្រើន គឺជាប់ពាក់ព័ន្ធនឹងកង្វះវីតាមីន A និងវីតាមីន C។ រាងកាយស្រូបយកវីតាមីន A និងវីតាមីន C ច្រើន អាចកាត់បន្ថយហានិភ័យជំងឺហឺតបាន ហើយសារធាតុទាំងនេះសម្បូរនៅក្នុងដំឡូងជ្វាពណ៌ស្វាយ។

៥- ជួយប្រព័ន្ធរំលាយអាហារ៖ដំឡូងសម្បកពណ៌ត្នោត សាច់ពណ៌ស្វាយដ៏ឈ្ងុយឆ្ងាញ់នេះ អាចជួយសម្រួលប្រព័ន្ធរំលាយអាហាររបស់យើងដើរស្រួលបាន។ នេះក៏ព្រោះតែដំឡូងទឹកនេះ មានធាតុកាបូនអ៊ីដ្រាតម្យ៉ាង ដែលជំរុញឲ្យមានបាក់តេរីល្អ ឈ្មោះ Bifido ដែលជួយបំបែកកាបូនអ៊ីដ្រាត និងសារធាតុហ្វៃបឺរ (សរសៃ) ជំរុញឲ្យដំណើរការរំលាយបានយ៉ាងល្អ។ ការសិក្សាមួយទៀត ក៏បានពិសោធបង្ហាញដែរថា ដំឡូងពណ៌ស្វាយមានសារធាតុប្រឆាំងនឹងដំណើររលាកនៃពោះវៀនធំផងដែរ៕

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE